បម្រាមហាមលោក សម រង្ស៊ី ចូលកម្ពុជា ត្រូវបានលុបចោល
ភ្នំពេញៈ ទីស្តីការគណៈរដ្ឋមន្រ្តីបានចេញលិខិតមួយកាលពីព្រឹកមិញ ស្តីពីដកចេញនូវបម្រាមលើការចូលមកក្នុងប្រទេសកម្ពុជាវិញ លើអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ពោលគឺ ៨ ខែ បន្ទាប់ពីបានដាក់បញ្ញត្តិហាមឃាត់ជាផ្លូវការទៅលើបណ្តាជើងយន្ត ហោះទាំងឡាយមិនឲ្យដឹកលោកសម រង្ស៊ី ចូលមកក្នុងប្រទេស។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពី មានការចេញដីកាមួយ បញ្ជាឲ្យឃាត់ខ្លួនលោក។ បម្រាមនេះបានចុះជាធរតាមរយៈលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៦ ដែលបានធ្វើការព្រមានទៅលើក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ មិនឲ្យដឹកលោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា។
ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែន និងកំពង់ផែដទៃទៀតក៏បានរឹតបន្តឹងការប្រុងប្រយ័ត្នផងដែរ ដើម្បីទប់ស្កាត់លោក សម រង្ស៊ី មិនឲ្យត្រលប់ចូលស្រុកវិញ។
លិខិតចុះថ្ងៃទី ១៤ ខែមិថុនានេះ និងជូនចំពោះលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តប្រវេសន៍បានឲ្យដឹងថា ការហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលមកប្រទេស ត្រូវបានដកចេញតាមបង្គាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លិខិតនេះថ្លែងថា៖ «រដ្ឋាភិបាលបានសម្រេចលុបចោលនូវលិខិតលេខ ១៥១ របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»។
ក៏ប៉ុន្តែលិខិតនេះមិនបានលើកឡើងពីការចោទប្រកាន់មុនរបស់តុលាការប្រឆាំងនឹងលោក សម រង្ស៊ី នោះឡើយ។
លោក សុខ ផល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានទទួលលិខិតនេះហើយ ហើយនាយកដ្ឋានរបស់លោកនឹងធ្វើការអនុវត្តតាម ក៏ប៉ុន្តែលោកបានបង្វិលសំនួរទាក់ទង ការហាមឃាត់លើក្រុមហ៊ុនអាកាសចរណ៍ទៅរដ្ឋលេខាធិការអាកាសចរណ៍ ស៊ីវិល។
មិនអាចទាក់ទងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន និងបណ្តាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឡើយនៅព្រឹកមិញនេះ។
លោកស្រី មូ សុខហួ អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការស្វាគមន៍ចំពោះការដកបម្រាមនេះ។
លោកស្រីនិយាយថា៖ «វិធានការណ៍ណាក៏ដោយដែលត្រូវបានចាត់ឡើងដោយគោរពតាមសិទ្ធិដែលចែង ក្នុងរដ្ឋធម្មនុញ្ញ របស់លោក សម រង្ស៊ី ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ត្រូវបានស្វាគមន៍។ លោកមានសិទ្ធិត្រលប់មកវិញ»។
លោកស្រីបន្ថែមថា លោក សម រង្ស៊ី បានសម្តែងនូវគោលបំណងត្រលប់មកប្រទេសវិញ នៅលើការផ្សាយជាសម្លេងរបស់វិទ្យុអាស៊ីសេរី។
នៅក្នុងបទសម្ភាសន៍ លោក សម រង្ស៊ី បានអំពាវនាវឲ្យលោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោកចូលស្រុកវិញ ដោយបានថ្លែងទៀតថា លោកចង់ប្រកួតប្រជែងជាមួយនឹងលោកនាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំក្រោយ។
លោកបានថ្លែងទៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីថា៖ «សូមលោក ហ៊ុន សែន ក្លាហាន ហើយកុំហាមឃាត់ខ្ញុំកុំឲ្យប្រកួតប្រជែងជាមួយលោក ដូចកីឡាករប្រដាល់ [នៅលើសង្វៀន]»៕
0 comments:
Post a Comment