ភ្នំពេញ: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងគេហទំព័រ ខុទ្ទកាល័យរបស់លោកកាលពីម្សិលមិញបានប្រតិកម្មចំពោះរដ្ឋមន្ត្រី ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលបានថ្លែងជាសាធារណៈដោយមិនបានដឹងពីការជំទាស់របស់នាយក រដ្ឋមន្ត្រីជុំវិញការតែងតាំងអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ កម្ពុជា នៅពេលដែលអគ្គនាយកនៅក្នុងតំណែងនឹងចូលនិវត្តន៍នៅខែតុលាខាងមុខនេះ ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងគេហទំព័រនៃខុទ្ទកាល័យរបស់លោកដោយបានដាក់សំណួរ មួយចំនួនដូចជា៖ តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធសំណើរបស់រដ្ឋមន្ត្រីក្នុងការ សុំតែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រីជំនួសមន្ត្រីដែល ខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយ រដ្ឋមន្ត្រីដែលហៅទូរស័ព្ទ ៥ ដងមិនចូលឬទេ? និងនាយករដ្ឋមន្ត្រីពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មានសុំ តែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ? (សុំមើលលិខិតក្រសួងមុខងារសាធារណៈ និងចំណារនាយករដ្ឋមន្ត្រី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យដែលចែងថា (បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ) ឬទេបានជាម្នាក់និយាយថាការតែងតាំងនេះចេញពីណា?។
លោក ហ៊ុន សែន ថ្លែងថា៖ «បើពុំមានសំណើពីនាយករដ្ឋមន្ត្រីព្រះមហាក្សត្រព្រះអង្គនឹងមិនឡាយ ព្រះហស្តលេខាទេ។ សុំចងចាំកុំល្ងង់ពេក។ ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងច្បាប់ផ្សេងទៀតដែលទាក់ទងដល់ការងារគ្រប់គ្រងរដ្ឋ?»។
យោងតាមឯកសារដែលបានបង្ហោះក្នុងគេហទំព័រខុទ្ទកាល័យលោកនាយក រដ្ឋមន្ត្រីបានឲ្យដឹងថាតាមសំណើដើម លោក ខៀវ កាញារីទ្ធ បានស្នើសុំតែងតាំងលោក ខ្វៃ អាទិត្យា បច្ចុប្បន្នជាអគ្គនាយករងដែលមានមនសិការការងារប្រកបដោយការទទួលខុស ត្រូវខ្ពស់មានលក្ខណសម្បត្តិជាអ្នកដឹកនាំ និងទំនាក់ទំនងជាតិអន្តរជាតិតែត្រូវបានលោកនាយករដ្ឋមន្ត្រីចារលើ ឯកសារដោយបដិសេធសំណើរបស់រដ្ឋមន្ត្រីដោយស្នើសុំជ្រើសយកលោក ឃឹម វុទ្ធី អគ្គនាយករងជាអគ្គនាយកដែលបានឡាយព្រះហស្តដោយព្រះមហាក្សត្រនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ២០១៧។
ថ្មីៗនេះលោក កាញារីទ្ធ បានឆ្លើយឆ្លងជាសាធារណៈតាមទំព័រហ្វេសប៊ុករបស់លោកដោយបានចោទជា សំណួរថា៖ «ហេតុអ្វីខ្ញុំអត់ដឹងសោះអ៊ីចឹងតើចេញតាមណាវិញ? ព្រោះអត់មានអ្នកឆ្លងយោបល់ ឬសុំមតិឯកភាពផង»។
លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយ និងជាទីប្រឹក្សាគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងកាលពីម្សិលថា លោកបានអានឯកសារទាក់ទងនឹងការស្នើសុំតែងតាំងនោះដែរហើយបើតាម បច្ចេកទេស និងនីតិវិធីគឺត្រឹមត្រូវហើយមិនមានភាពមិនប្រក្រតីនោះទេហើយក៏ អាចថាលោករដ្ឋមន្ត្រីមិនទាន់បានឃើញចំណារបដិសេធរបស់ នាយករដ្ឋមន្ត្រី។
លោក ប៊ុនថេត ថ្លែងថា៖ «ខ្ញុំគិតថាបើតាមសំណួររបស់លោកនាយករដ្ឋមន្ត្រីដែលបានចោទសួរ ជាច្រើនសំណួរនោះត្រង់នេះខ្ញុំគិតថាវាអាចជាបញ្ហាមួយក្នុងការ ធ្វើទំនាក់ទំនងគ្នាតាមប្រព័ន្ធទូរស័ព្ទ វាអាចថាការមិនអាចទាក់ទងបាននេះអាចមកពីសេវា អាចលោករដ្ឋមន្ត្រីពេលលោកនាយករដ្ឋមន្ត្រីទូរស័ព្ទរកនោះមិននៅ ក្នុងប្រទេស ព្រោះគ្មានរដ្ឋមន្ត្រីណាហ៊ានមិនលើកទូរស័ព្ទរបស់មេខ្លួនទេ»៕
0 comments:
Post a Comment