លោកញឹក ប៊ុនឆៃ បដិសេធ មិនបានប្រាប់ឲ្យអ្នកគាំទ្រ បោះឆ្នោតឲ្យ CNRP ទេ
ភ្នំពេញៈ សាច់រឿងពីរផ្សេងគ្នានៃការសន្ទនាតាមទូរស័ព្ទរវាងតំណាងរាស្រ្ត គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង និងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិខ្មែរ ដែលកាលពីពេលថ្មីៗនេះត្រូវបានបណ្តេញចេញពីតំណែងទីប្រឹក្សា រដ្ឋាភិបាល បានកើតមានឡើង ខណៈមានពាក្យចចារអារ៉ាមថា លោកបានធ្វើសំណើរួមបញ្ជូលគណបក្សទៅគណបក្សសង្គ្រោះជាតិ។
បើតាមបទសម្ភាសផ្សេងគ្នាដោយអ្នកទាំងពីរជាមួយវិទ្យុសំឡេង អាមេរិក ការសន្ទនាគ្នាបានកើតឡើងនៅថ្ងៃទី៣ ខែមិថុនា ប៉ុន្តែដំណើរនៃសាច់រឿងរបស់ពួកគេត្រូវបានបកស្រាយផ្សេងគ្នា។
លោក ញឹក ប៊ុនឆៃ បានអះអាងថា ការទូរស័ព្ទនោះតាមពិតទៅជាការយល់ច្រឡំចៃដន្យ។
លោកបានថ្លែងថា លោកបាននិយាយទៅ អ៊ាង ប៉ុន្តែនៅពេលនោះគិតថា លោកកំពុងនិយាយជាមួយមនុស្សម្នាក់ដែលមានឈ្មោះស្រដៀងគ្នានៅ ក្នុងគណបក្សផ្ទាល់របស់លោក។
ទោះយ៉ាងណាក្តី លោក ឆៃអ៊ាង បានអះអាងថា លោក ប៊ុនឆៃ បានទូរស័ព្ទទៅលោកដោយនិយាយថា គាត់នឹងណែនាំអ្នកគាំទ្ររបស់គាត់ឲ្យបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិនៅក្នុងឃុំសង្កាត់ដែលគណបក្សរួបរួមជាតិខ្មែរមិន បានដាក់បេក្ខជន ប៉ុន្តែសំណើនេះត្រូវបានលោក ឆៃអ៊ាង ថ្លែងថា លោកបានបដិសេធ។
លោក ឆៃអ៊ាង ដែលមិនអាចទាក់ទងបានកាលពីម្សិលមិញ បានថ្លែងថា៖ «ខ្ញុំមិនចាប់អារម្មណ៍ ប្រសិនបើគាត់មានអ្នកគាំទ្រ [នៅក្នុងឃុំសង្កាត់ទាំងនោះ] គាត់នឹងដាក់បេក្ខជន»។
ប៉ុន្តែនៅក្នុងបទសម្ភាសមួយដែលបានលេចឡើងនៅពេលក្រោយនៅក្នុង ថ្ងៃនោះ លោក ញឹក ប៊ុនឆៃ ដែលមិនបានឆ្លើយទូរស័ព្ទរបស់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញ បានបដិសេធការលើកឡើងនេះ និងថ្លែងថា ការសន្ទនានោះ គឺជាការភាន់ច្រឡំ។
លោកបានថ្លែងថា កាលពីថ្ងៃទី៣ ខែមិថុនា លោកបានទទួលទូរស័ព្ទពីប្រធានក្រុមការងាររបស់គណបក្សរួបរួម ជាតិខ្មែរនៅក្នុងស្រុកបារាយ ខេត្តកំពង់ធំ ដែលឈ្មោះរបស់គាត់ឈ្មោះ អ៊ី គីមអេង (Y Kim Eng)។
លោកបានថ្លែងថា លោកប្រាប់ គីមអេង ដែលចង់ផ្តល់យោបល់អំពីអ្វីដែលត្រូវធ្វើនៅក្នុងឃុំសង្កាត់មួយ ចំនួននៅក្នុងស្រុក ដែលជាកន្លែងដែលគណបក្សមិនបានដាក់បេក្ខជនថា លោកជាប់រវល់ ហើយថាលោកនឹងទូរស័ព្ទទៅវិញ។
ដោយមិនអាចទាក់ទងមន្រ្តីនោះម្តងទៀត លោក ប៊ុនឆៃ បានអះអាងថា លោកត្រូវបានផ្តល់ឲ្យនូវ «លេខថ្មីមួយ» ដែលជាលេខទូរស័ព្ទរបស់លោក អេង ឆៃអ៊ាង ប៉ុន្តែលោកបានអះអាងថា លោកមិនបានដឹងនៅពេលនោះ។
លោក ប៊ុនឆៃ បានថ្លែងថា៖ «នៅពេលខ្ញុំទូរស័ព្ទទៅគាត់ ហើយនិយាយថា អេង [មែន?] [គាត់] បានឆ្លើយត្រឡប់មកវិញថា អេង» ។ លោក ឆៃ បានបន្ថែមថា លោកមិនបានលើកឡើងអំពីការប្រាប់ឲ្យប្រជាជនបោះឆ្នោតឲ្យគណបក្ស ប្រឆាំងនោះទេ។
«ខ្ញុំមិនបានប្រើពាក្យគណបក្សសង្គ្រោះជាតិនៅក្នុងឃ្លានោះទេ។ ខ្ញុំបាននិយាយថា នៅក្នុងកន្លែងដែលយើងមិនមានបេក្ខជន [ប្រជាជនអាច] បោះឆ្នោតឲ្យ [នរណាក៏បាន] និង [បានប្រាប់] អេង មិនឲ្យប្រាប់ប្រជាជនណាមួយ [អំពីអ្នកដែលត្រូវបោះឆ្នោតឲ្យ] ទេ»។
លោក ប៊ុនឆៃ ដែលត្រូវបានដកពីតំណែងទីប្រឹក្សារដ្ឋាភិបាល កាលពីថ្ងៃទី៤ មិថុនា ដែលជាថ្ងៃបោះឆ្នោត ក៏បានបដិសេធផងដែរថា ផ្ទះរបស់លោកត្រូវបានព័ទ្ធដោយអាជ្ញាធរ។
លោកបានថ្លែងថា រថយន្តដែលបានទៅដល់ផ្ទះរបស់លោកនៅជ្រោយចង្វារ គឺដើម្បីទៅយកអង្គរក្សរបស់លោក ដែលត្រូវបានដកវិញ បន្ទាប់ពីលោកបានបាត់បង់តំណែងរបស់លោក និងជាទាហានមកពីកងពលតូចលេខ ៧០៕
0 comments:
Post a Comment