បាត់ដំបង/កំពង់ធំៈ គណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុងខេត្តចំនួន ២ គឺបាត់ដំបង និងកំពង់ធំបានឈ្នះឆ្នោតនៅឃុំចំនួន ២ ទៀត បន្ទាប់ពី គជប រាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញទៅតាមបណ្ដឹងមិនសុខចិត្តម្ដង ម្នាក់រវាងបក្សកាន់អំណាច និងបក្សប្រឆាំង។
សម្រាប់ខេត្តបាត់ដំបង គ.ជ.ប បានរាប់សន្លឹកឆ្នោតឡើងវិញលើការិយាល័យចំនួន ៩ នៅឃុំបឹងប្រាំក្នុងស្រុកបវេល។ តាមលទ្ធផលបឋមនៅគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ CEC គណបក្សប្រជាជនបានឈ្នះ CNRP ដោយមានការគាំទ្រ ៦៣១ ទល់នឹង ៦០៨ សំឡេង។
ប៉ុន្តែលទ្ធផលនេះត្រូវបាន CNRP ប្តឹងមកគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តក៏រាប់ឃើញ CNRP ឈ្នះវិញក្នុងលទ្ធផល ៧៧១ ទល់នឹង ៧០៤។ ប៉ុន្តែដោយសារមិនសុខចិត្ត CPP ក៏បានប្តឹងបន្តមក គ.ជ.ប ដើម្បីឲ្យរាប់ឡើងវិញម្ដងទៀត។
ជានីតិវិធីការរាប់សន្លឹកឆ្នោតទាំង ៩ ការិយាល័យនោះត្រូវបានបែងចែកជា ៣ ក្រុមដោយក្រុមនីមួយៗរាប់ ៣ ការិយាល័យ និងដំណើរការរាប់មានភាពរលូន និងស្ងប់ស្ងាត់មិនមានការតវ៉ាដូចកាលពីថ្ងៃចន្ទឡើយ។
យោងតាមលោក សួន ចំរើន មន្ត្រី CNRP ដែលបានចូលរួមពិនិត្យការរាប់សន្លឹកឆ្នោតឡើងវិញបានឲ្យដឹងថាតាម ការបូកសរុបលទ្ធផលពីការិយាល័យទាំង ៩ គឺមានការិយាល័យ ៧ ដែលបានចូលធរមានឃើញថា CNRP បានឈ្នះ CPP ដោយលទ្ធផល ៧៧១ ទល់នឹង ៧០៦ គឺ CNRP នាំមុខ ៦៥ សំឡេង។
ប៉ុន្តែលោកថានៅមានសន្លឹកឆ្នោតចម្រូងចម្រាសជាង ១០ ដែលគណបក្សទាំង ២ បានប្តឹងដើម្បីសុំឲ្យ គ.ជ.ប សម្រេចចុងក្រោយ។
ចំពោះនៅក្នុងឃុំក្លែងក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំវិញលទ្ធផលបឋមនៅថ្នាក់ឃុំបញ្ជាក់ថា CPP បានឈ្នះ CNRP ១ សំឡេងគឺ ៨៣២ ទល់នឹង ៨៣១ សំឡេង។ ប៉ុន្តែដោយសារមិនអស់ចិត្ត CNRP បានប្តឹងមក គ.ជ.ប ឲ្យរាប់ឡើងវិញតែមួយការិយាល័យប៉ុណ្ណោះក្នុងចំណោមការិយាល័យទាំង ៨ គឺនៅការិយាល័យ ០៦៦៦ ។
តាមលទ្ធផលបឋមក្នុងទម្រង់ ១១០២ ការិយាល័យ ០៦៦៦ មានឆ្នោតសរុប ៤០៦ សន្លឹក ប៉ុន្តែសន្លឹកឆ្នោតបានការមាន ៣៧០ សន្លឹក និងមិនបានការមាន ៣៦ ។
លទ្ធផលដំបូងបានបញ្ជាក់ថា CNRP បានឈ្នះ CPP ដោយសំឡេង ២១៩ ទល់នឹង ១៣៣ គឺនាំមុខចំនួន ៨៦ ។
ការរាប់សន្លឹកឆ្នោតឡើងវិញនៅការិយាល័យនេះពីដំបូងបានប្រព្រឹត្ត ទៅដោយរលូនក្រោយពេលបុគ្គលិក គ.ជ.ប បានអានបទបញ្ជាផ្ទៃក្នុង។ ប៉ុន្តែនៅពេលបញ្ចប់មានការតវ៉ាពេញបន្ទប់។ លទ្ធផលបានបង្ហាញថា CNRP បានកើនសំឡេងចំនួន ៦ គឺពី ២១៩ ទៅ ២២៥ ចំណែក CPP បានកើន ៣ សំឡេងគឺពី ១៣៣ ទៅ ១៣៦ ។
បើតាមលទ្ធផលនេះ CNRP ឈ្នះ CPP ដោយសំឡេងនាំមុខ ២ សំឡេងគឺ ៨៣៧ ទល់នឹង ៨៣៥ ។ ដោយសារតែលទ្ធផលនេះ CPP បានប្តឹងសុំឲ្យ គ.ជ.ប សម្រេចលើសន្លឹកឆ្នោត ៤ សន្លឹកដែលប្រធានក្រុមរាប់សន្លឹកឆ្នោតបានចាត់ទុកថាបានការ សម្រាប់ CNRP។ ជាការឆ្លើយតប CNRP ក៏បានប្តឹងលើសន្លឹកឆ្នោត ៥ សន្លឹកដែលចាត់ទុកថាមានសុពលភាពសម្រាប់ CPP។ សន្លឹកឆ្នោតដែលមានភាពចម្រូងចម្រាសទាំង ៩ នេះគឺមានការគូសដូចជាលេខ «១» ឬលេខ «1» ឬមានគំនូសដូចស៊ីញ៉េ។
អ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម CNRP ដែលបានចូលរួមពិនិត្យការរាប់សន្លឹកឆ្នោតបានតវ៉ាដោយនិយាយថា៖ «យើងត្រូវតែផ្តល់តម្លៃដល់អ្នកបោះឆ្នោត។ យើងមិនអាចបំបាត់សំឡេងរបស់ពួកគាត់បានទេ»។
អ្នកស្រីបានបន្ថែមនៅខាងក្រៅបន្ទប់រាប់សន្លឹកឆ្នោតថា៖ «គ.ជ.ប គួរកែសម្រួលនីតិវិធីដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលបញ្ចេញឆន្ទៈរបស់ ខ្លួន។
គ.ជ.ប ត្រូវតែកំណត់នីតិវិធីឲ្យតែមានគំនូសនៅលើសន្លឹកឆ្នោតទោះជាគំនូស បែបណាក៏ដោយជាអក្សរក៏ដោយជាហត្ថលេខាក៏ដោយគួរតែទុកគំនូសហ្នឹងជា សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋពីព្រោះពួកគាត់សម្តែងឆន្ទៈហើយ ប៉ុន្តែគ្រាន់តែថាគំនូសរបស់គាត់មិនបានល្អប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយគិតមកត្រឹមម៉ោង ៧ យប់ គ.ជ.ប បានសម្រេចបិទផ្លូវតវ៉ាសម្រាប់ឃុំទាំង ២ នេះដោយបញ្ជាក់ថាគណបក្សសង្គ្រោះជាតិបានឈ្នះទាំងពីរឃុំជា ផ្លូវការ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប កាលពីយប់មិញ។
លោកបានបញ្ជាក់ថា៖ «លទ្ធផលចេញហើយនៅបឹងប្រាំ CNRP ឈ្នះចំនួន ៦៩ សំឡេងគឺ CNRP បាន ៧៧៦ ចំណែក CPP បាន ៧០៧ ។ នៅឃុំក្លែងខេត្តកំពង់ធំ CNRP ឈ្នះ ២ សំឡេងគឺ CNRP បាន ៨៣៧ ហើយ CPP បាន ៨៣៥»។
អ្នកស្រី ម៉េង សុភារី បានបញ្ជាក់ជាថ្មីថាគិតមកត្រឹមថ្ងៃពុធម្សិលមិញ CNRP បានដាក់ពាក្យបណ្តឹងសរុប ៣២ បណ្តឹងមក គ.ជ.ប ដែលក្នុងនោះមានបណ្តឹងពីការគំរាមកំហែង ២ បណ្តឹងគឺនៅអូរឫស្សី ៤ ដែលមេភូមិបានទៅធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត និងបណ្តឹងមួយទៀតនៅខេត្តពោធិ៍សាត់។
អ្នកស្រីថ្លែងថា៖ «បណ្តឹងរាប់សន្លឹកឆ្នោតមាននៅខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពង់ធំ កណ្ដាល កោះកុង ភ្នំពេញ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ រតនគិរី សៀមរាប ស្ទឹងត្រែង ស្វាយរៀង តាកែវ ប៉ៃលិន និងត្បូងឃ្មុំ។ ខេត្តខ្លះមានមួយឃុំ ខេត្តខ្លះមានបីឃុំ»។
អ្នកស្រីឲ្យដឹងដែរថា ដោយឡែកករណីនៅសង្កាត់ស្វាយប៉ាកដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត រាជធានីបានឲ្យ CNRP ចាញ់ក៏ត្រូវបានប្តឹងទៅ គ.ជ.ប ដែរ៕
0 comments:
Post a Comment